អបអរដល់ពលរដ្ឋស្រុកកោះធំ! “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាសមិទ្ធផលថ្មី នឹងបើកឱ្យដំណើរការជាផ្លូវការ ក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ
សេដ្ឋកិច្ច January 24, 2024 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Dan Sellers ពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (The Association of the Church of Jesus Christ of Latter-day Saints) ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការរៀបចំមន្ទីរពេទ្យតេជោសែនកោះធំ មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋជារួម និងពិសេសម្រាប់អ្នកស្រុកកោះធំ។ មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System(HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល៕

ប្រភព៖ ហ្វេសប៊ុកផេក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា