ត្រៀមដាក់ពាក្យ! NEA សហការជាមួយក្រុមហ៊ុនធំៗ៧ បន្តរៀបចំវេទិកាការងារនាំយកឱកាសការងារជាង ៥០០ កន្លែង សម្រាប់យុវជន
សេដ្ឋកិច្ច January 23, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងាររយៈពេល១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន ៥៤៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្រាប់ សិស្ស-និស្សិត សាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់ ពិសេសកុំភ្លេច រៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួន (CV) ផងដែរ។

លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា កន្លងមក AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយ ក្នុងការជ្រើសរើសបុគ្គលិក និងបានចូលរួម ក្នុងព្រឹត្តិការណ៍ជាច្រើនដូចជាវេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៍ការងារថ្នាក់ជាតិជាដើម។ លោកស្រី វណ្ណារី បញ្ជាក់ថាបន្តថា៖ «មូលហេតុដែល AMK បន្តសហការជាមួយនឹង NEA ព្រោះស្ថាប័នមួយនេះបានដើរតួនាទីដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីតម្រូវការជ្រើសរើសបុគ្គលិករបស់យើងបានយ៉ាងទូលំទូលាយទៅដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ»។

លោកស្រី បន្តថា សម្រាប់វេទិកាការងារនាថ្ងៃទី២៥ មករា ខាងមុខនេះ AMK ក៏នឹងនាំយកឱកាសការងារជិត ១០០កន្លែង សម្រាប់អ្នកដែលចង់ស្វែងរការងារធ្វើនៅតាមបណ្តាសាខារបស់ AMK។ លោកស្រី សង្ឃឹមថា ការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ។

សូមបញ្ជាក់ថាក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមធ្វើការសម្ភាសក្នុងវេទិកាការងារនាថ្ងៃទី២៥ ខាងមុខនេះរួមាន៖ ធនាគារស្ថាបនា, មីក្រូហិរញ្ញវត្ថុ AMK, ធនាគារឯកទេស AEON, ក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង, ក្រុមហ៊ុន Liberty Carz, ក្រុមហ៊ុន B.P.C និងក្រុមហ៊ុន ICE Electronic។

ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ប្រភព៖ ក្រសួងព័ត៌មាន