រាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឯកភាពសម្រេច បញ្ចុះតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន ណែនាំឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ ប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរង ខេត្តសៀមរាប តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហានេះជាបន្ទាន់ជូនបង ប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបាន បណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបានធ្វើការពិភាក្សា ចរចាបន្ថែម កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លើអ្វីដែលបានឯកភាពកាលពីពេលមុន ហើយទទួលបាន លទ្ធផល ដូចខាងក្រោម៖
១. ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ ការចូលទៅក្នុងអាកាសយានដ្ឋានអនុជាពីសៀមរាប-អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស ៧កៅអី និងរយៈពេល ៣០នាទីសម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។
២. ក្រុមហ៊ុនបានយល់ព្រមធ្វើការបញ្ចុះតម្លៃបន្ថែម ក្នុងការប្រើប្រាស់ផ្លូវ សម្រាប់គ្រប់ប្រភេទយានយន្តមួយចំនួន សម្រាប់រយៈពេលពីរឆ្នាំចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥។
៣. អង្គប្រជុំក៏បានឯកភាពគ្នា បង្កើតគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះ ទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាព ក្នុងការធ្វើដំណើរតាមដងផ្លូវនេះផងដែរ៕



អត្ថបទ៖ លីនី


