ប្រធានសមាគមជប៉ុន-កម្ពុជា បញ្ជាក់ថា ឆាប់ៗនេះសមាគមនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា ដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុន ជាពិសេស សហគ្រាស ធុនតូច និងមធ្យមជប៉ុន ៤លានក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា
សេដ្ឋកិច្ច January 11, 2024 Khmernote

ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ថា សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដោយការិយាល័យនេះ នឹងអាចទាក់ទាញវិនិយោគិនជប៉ុន ជាពិសេស សហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន មកវិនិយោគនៅកម្ពុជា។

ប្រធានសមាគមជប៉ុន-កម្ពុជា បានធ្វើការបញ្ជាក់ជូនបែបនេះ ជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសជួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។

ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានបញ្ជាក់ថា សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅ ព្រះ រាជា ណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។

ឯកឧត្តមមានប្រសាសន៍ថា៖ « ហេតុនេះប្រសិនបើយើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិ-យោគនៅកម្ពុជា »។

នៅក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បាន បង្ហាញឆន្ទៈក្នុងការបើកសាលា បណ្ដុះបណ្ដាល ជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាល អំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និង រីករាយ ស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេច តេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជា លទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរក សក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែល សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទី ក្រុង តូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕

អត្ថបទ៖ លីនី