ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីរកដំណោះស្រាយសមស្របលើតម្លៃសេវាប្រើប្រាស់ផ្លូវ និងតម្លៃចំណត ជូនបងប្អូនប្រជាពលរដ្ឋ
សេដ្ឋកិច្ច January 10, 2024 Khmernote

សៀមរាប៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចដោះស្រាយតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត បានចុះពិនិត្យទីតាំងផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ជាធាតុចូលក្នុងការផ្តល់ដំណោះស្រាយសមស្របលើតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត ជូនបងប្អូនប្រជាពលរដ្ឋ។

នៅក្នុងដំណើរបេសកកម្មនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារចំពោះកិច្ច បានអញ្ជើញចុះបំពេញបេសកកម្មពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងក្រុមហ៊ុន AIAI​ និងបណ្ដាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ដែលជាសមាជិកក្រុមការងារចំពោះកិច្ច ជាច្រើនរូបផ្សេងទៀត។

សូមជម្រាបថា យោងតាមស្មារតីនៃកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីការចុះពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គររួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបជជែកជាមួយក្រុមហ៊ុន AIAI ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របរួមមួយ៕

ប្រភព៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា