តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ប្រទេសថៃ រកចំណូលបាន ៦.៦ ពាន់លានបាត (ប្រមាណ ១៨៨លានដុល្លារ) ពីផលិតកម្មភាពយន្តបរទេស ដែលមកថតនៅក្នុងប្រទេសថៃ ដែលនេះជាចំណូលដ៏ខ្ពស់បំផុត ចាប់តាំងពីប្រទេសថៃបានចាប់ផ្តើមលើកកម្ពស់ក្នុងវិស័យនេះ។
បើយោងតាមទិន្នន័យ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផលិតកម្មភាពយន្តបរទេសសរុបចំនួន ៤៦៦ ដែលមកពីប្រទេសចំនួន ៤០ បានមកថតនៅក្នុងប្រទេសថៃ ក្នុងនោះក្រុមផលិតភាពយន្តហូលីវូត និងហុងកុង ជាប់ចំណាត់ថ្នាក់ទីមួយដែលបានជ្រើសរើសប្រទេសថៃជាគោលដៅសម្រាប់ការថត។ ជាមួយគ្នានេះ បើយោងតាមស្ថិតិ សហរដ្ឋអាមេរិក គឺជាប្រភពដ៏សំខាន់បំផុតនៃក្រុមផលិតភាពយន្តបរទេស ដែលមានផលិតកម្មចំនួន ៣៤ នាំយកចំណូលចូលថៃជាង ៣.១ ពាន់លានបាត (ប្រមាណជាង ៨៨.២លានដុល្លារ) ហុងកុងស្ថិតនៅលំដាប់ទីពីរ ជាមួយផលិតកម្មចំនួន ១០ ដែលនាំចំណូលចូលថៃបាន ៧០៧លានបាត (ប្រមាណ ២០លានដុល្លារ) ខណៈ ចិន អាឡឺម៉ង់ និងកូរ៉េខាងត្បូង គឺជាប្រភពកំពូលបីបន្ទាប់ទៀត។
គួរបញ្ជាក់ផងដែរថា ខេត្ត-ក្រុង ទាំង១០ក្នុងប្រទេសថៃ ដែលផលិតកម្មភាពយន្តបរទេសជ្រើសរើសថតច្រើនជាងគេក្នុងឆ្នាំ២០២៣ រួមមាន៖ ទីក្រុងបាងកក (Bangkok) ,ឈុនបុរី (Chonburi), សាមុត ប្រាកាន (Samut Prakan),ផាធុម ថានី (Pathum Thani) , ភូកេត (Phuket) , នុនថា បុរី (Nonthaburi) , ឈៀងម៉ៃ (Chiang Mai ) , ណាខន ផាធំ (Nakhon Pathom) , កា្រប៊ី (Krabi ) និង រ៉ាត់ឆា បុរី (Ratchaburi )៕





អត្ថបទ៖ លីនី
ប្រភព៖ Khaosod English


