សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាន “សម្តេចតេជោ ហ៊ុន សែន កោះយ៉” សមិទ្ធផលថ្មីនៅឃុំប៉ាក់ខ្លង ខេត្តកោះកុង តម្លៃជាង ១លានដុល្លារ
សេដ្ឋកិច្ច January 8, 2024 Khmernote

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” ដែលមានប្រវែង១២៦ម៉ែត្រ និងទទឹង ១១ម៉ែត្រ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១ ៣៨៧ ០០០ដុល្លារ។ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងលោកជំទាវ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរ បន្ទាប់ពី ស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម។

នាឱកាសនោះដែរ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង”​ ។ នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP