ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ម្សលមិញនេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ច្បាស់ថា ប្រទេសកម្ពុជាពុំទាន់មានកិច្ចព្រមព្រៀង ស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៉ីស្រាអែលនោះទេ។
(រូបតំណាង)
សេចក្ដីជូនដំណឹងបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ដោយក្រសួងក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៉ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ។
ដូច្នេះក្នុងបងប្អូនបានឃើញករណី ឬ មានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៉ីស្រាអែលក្នុងរូបភាពណាក៏ដោយ សូមមេត្តាជូនដំណឹង ឬរាយការណ៍មកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ Hotline ១២៩៧ ជាបន្ទាន់ ដើម្បីអាចឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ លីនី


