លោក ឃឹម ហ្វីណង់៖ ខេត្តចំនួន ៤ ត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ហើយជាជង្រុកនៃកសិកផលសម្រាប់សន្តិសុខស្បៀងនៅក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារនៅលើពិភពលោក
សេដ្ឋកិច្ច December 25, 2023 Khmernote

ខេត្តចំំនួន ៤ នាប៉ែកពាយ័ព្យ ក្នុងនោះរួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។ ខេត្តទាំង ៤នេះ ជាប៉ូលកសិកម្ម និងផ្នែកមួយនៃគំនិតផ្តួចផ្តើម «ច្រករបៀងមច្ឆានិងអង្ករ»។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវរបស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «ដឹងទេថា មានខេត្តចំនួន៤ នាប៉ែកពាយ័ព្យ ដែលមានសារៈសំខាន់ខ្លាំងសម្រាប់វិស័យកសិកម្មរបស់កម្ពុជា? ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន គឺជាជង្រុកនៃកសិកផលយុទ្ធសាស្ត្ររបស់កម្ពុជា ដែលបម្រើឱ្យទាំងតម្រូវការសន្តិសុខស្បៀងនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារនៅលើពិភពលោក »។

លោក បានបញ្ជាក់បន្ថែមថា៖ «តំបន់នេះត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤នៃកម្ពុជា ដែលជាប៉ូលកសិកម្ម និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «ច្រករបៀងមច្ឆានិងអង្ករ»។ យ៉ាងហោចណាស់មួយភាគបី(៣៤,៥%)នៃកសិកម្មកម្ពុជាទាំងមូលត្រូវបានផលិតចេញពីខេត្តទាំង៤នេះ ក្នុងនោះ ៩៧%នៃផ្លែក្រូច ៩០%នៃផ្លែមៀន ៧៦%នៃដំណាំពោត សុទ្ធតែចេញពីតំបន់នេះ។ ជាងមួយភាគបួននៃដំណាំស្រូវ ផ្លែទុរេន និងផ្លែប៊ឺ ក៏ត្រូវបានផលិតចេញពីទីនេះផងដែរ »៕

អត្ថបទ៖ លីនី