ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួនប្រមាណជាង ៧លានតោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ ការណ៏នេះបានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាពក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះទ្បើងនៃជំងឺកូវីដ-១៩ និងវិបត្តិសាកល និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអត្រា ៥,៦% ក្នុងឆ្នាំ ២០២៣ និង ៦,៦% ក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានព្យាករណ៍ថានឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ ២០២៣ និង៨% ក្នុងឆ្នាំ ២០២៤ ដោយសារការបន្តនិន្នាការកើនទ្បើងនៃសកម្មភាពដឹកជញ្ជូន និងគមនាគមន៍។
សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនទ្បើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនទ្បើងជាលំដាប់៕




អត្ថបទ៖ លីនី


