មេធំក្រុមហ៊ុន Toyota បញ្ជាក់ថា រោងចក្រដំទ្បើងរថយន្ត Toyota នៅកម្ពុជានឹងសង់ហើយរួចរាល់នាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ
សេដ្ឋកិច្ច December 20, 2023 Khmernote

(ទីក្រុងតូក្យូ)៖ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួបនេះ លោក Ichiro KASHITANI បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងប្រព្រឹត្តទៅ ហើយនឹងរួចរាល់នាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ។ ក្នុងជំនួបនេះផងដែរ លោកសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota បានសុំការអនុញ្ញាតគោរពអញ្ជើញ សម្តេចនាយករដ្ឋមន្ត្រី ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាពេលខាងមុខ ។ លើសពីនេះ លោកសមាជិកក្រុមហ៊ុន ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក Ichiro KASHITANI ​ និងសហការី ព្រមទាំងបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន រហូតសម្រេចចិត្តកសាងរោងចក្រដំទ្បើងរថយន្ត Toyota នៅកម្ពុជា ។ ជាមួយនិងការទទួលយកការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាឆ្នាំ២០២៤ ខាងមុខនេះ, សម្តេចនាយករដ្ឋមន្ត្រី បានលើកទ្បើងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នេះ ស្របពេលទៅនិងឆ្នាំ២០១៤ គឺជាគម្រប់ខួបអនុស្សាវរីយ៍លើកទី៧១ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលនេះជាការសរបញ្ជាក់យ៉ាងប្រត្យក្សច្បាស់អំពីភាពលូតលាស់រីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ក្នុងជំនួបនោះដែរ សម្តេចធិបតី បានសម្តែងនូវភាពជឿជាក់ថា តាមរយៈដំណើរការនៃរោងចក្រតំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ថែមទៀតលើជំនាញវិស្វកម្មរថយន្ត សម្រាប់ប្រជាជនកម្ពុជាផងដែរ ។ លើសពីនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងបុគ្គលិកបម្រើការកម្ពុជា-ជប៉ុន ដើម្បីពង្រឹងនូវការដកបទពិសោធន៍លើចំណេះដឹង, វិជ្ជាជីវៈ, វប្បធម៌, ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota Tsusho ត្រូវបានបង្កើតឡើងឆ្នាំ១៩៤៨ បច្ចុប្បន្ន មានក្រុមហ៊ុនចំណុះប្រមាណ ១០០០ ក្រុមហ៊ុន លើអាជីវកម្មមានជាអាទិ៍ ផលិតផលលោហធាតុ, គ្រឿងបង្គុំ និងភស្តុភារកម្ម, គ្រឿងម៉ាស៊ីន ថាមពល និងគម្រោងនានា, ធាតុគីមី និងអេឡិចត្រូនិក, ចំណីអាហារ និងសេវាកម្ម ។ ក្រុមហ៊ុន Toyota Tsusho បាន និងកំពុងដំណើរការនៅកម្ពុជា តាមរយៈការដំឡើងរថយន្ត Toyota ដែលនេះគឺជាការចូលរួមក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មធុនធ្ងន់, ការបង្កើននូវឱកាសការងារប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ថែមទៀតលើជំនាញវិស្វកម្មរថយន្ត សម្រាប់ប្រជាជនកម្ពុជា៕

អត្ថបទ៖ លីនី