យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោ បាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា លោកនឹងខិតខំអំពាវនាវ ជំរុញអ្នកវិនិយោគចិន មកសិក្សាអំពីសក្ដានុពល និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តកំពង់ស្ពឺ កាន់តែច្រើនឡើង។
លោក លូ យៀន ថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីជំនាញ ដើម្បីធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងជំនួបនោះ ឯកឧត្តម វ៉ី សំណាង បានលើកអំពីសក្តានុពលរបស់ខេត្តថា «ខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលមានសក្ដានុពល លើវិស័យកសិកម្ម, កសិ-ឧស្សាកម្ម, ទេសចរណ៍, និងវារីវប្បកម្ម ជាពិសេសមានផ្នែកកាត់ដេរសម្លៀកបំពាក់, កាបូប, ស្បែកជើងសម្រាប់នាំចេញផងដែរ » ។
អភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺ ចង់បានការវិនិយោគពីសាធាណរដ្ឋប្រជាមានិតចិន លើវិស័យកសិកម្ម, កសិ-ឧស្សាកម្ម,ទេសចរណ៍,ហើយនិងវារីវប្បកម្ម ដែលជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋរស់នៅផ្ទាល់ក្នុងខេត្តកំពង់ស្ពឺ ។
ជាការឆ្លើយតប លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា លោកនឹងខិតខំជំរុញអ្នកវិនិយោគ មកពីសាធារណរដ្ឋប្រជាមានិតចិន ឱ្យពួកគេមកសិក្សាអំពីសក្ដានុពល ទាក់ទងនឹងវិស័យមួយចំនួនខាងលើ ។
លោក យៀន បានបញ្ជាក់ថា « ក្រោយពេលលោកវិលត្រឡប់ទៅវិញ លោកនឹងអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគរបស់ចិន ខិតខំស្វែងរកឱកាសវិនិយោគទៅលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, វារីវប្បកម្ម,និងវិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន » ។
ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ លោកអនុប្រធានសភាពិគ្រោះយោបល់នយោបាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រជាជនចិន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពី សក្តានុពលរបស់ខេត្តកំពង់ស្ពឺនាពេលនេះ ៕





ប្រភព៖ ក្រសួងព័ត៌មាន


