នាពេលខាងមុខនេះ រោងចក្រផលិតសំបកកង់យានយន្ត អាចនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈមានក្រុមហ៊ុនចំនួន ២ បានបង្ហាញគោលបំណង និងពិភាក្សាការងារលើការបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
តាមរយៈផេកផ្លូវការ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចុះផ្សាយនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ដឹកនាំដោយលោក Lee Taising និងលោកប្រធានក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd. ដែលកំពុងប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ិន បាវិត ព្រមទាំងក្រុមហ៊ុនចំនួន២ផ្សេងទៀត ចូលជួបពិភាក្សាការងារ។
សូមជម្រាបផងដែរថា អង្គជំនួបនាឱកាសនេះ បានផ្ដោតលើការជជែកពិភាក្សា អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ២ ដែលមានបំណងចង់វិនិយោគលើការបង្កើតរោងចក្រផលិតសំបកកង់យានយន្ត និងការបង្កើតរោងចក្រវិនិយោគលើវិស័យផលិតក្រណាត់គុណភាពខ្ពស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ក្នុងខេត្តស្វាយរៀង៕







អត្ថបទ៖ លីនី


