គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារចិនមានការកើនឡើងជិត ២០ភាគរយ
សេដ្ឋកិច្ច December 13, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនទទួលបានទឹកប្រាក់ជាង ១៣០០ លានដុល្លារ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ កើនឡើង ១៨.៥ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពី ខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិន សម្រេចបានទឹកប្រាក់ ១៣១៤ លានដុល្លារ កើនឡើង ១៨.៥ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ ៩៧៦៣ លានដុល្លារ កើនឡើង ៤៤.៤ ភាគរយ។

ប្រភពដដែល បានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។

ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍ អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពី អយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ១១ខែនេះ សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារ អន្តរជាតិមានចំនួន ២០ ៤៩៤ លានដុល្លារ កើនឡើង ១.២ភាគរយ ដោយក្នុងនោះ សហរដ្ឋអាមេរិកមានតម្លៃជាង ៨ពាន់លានដុល្លារ ថយចុះ ០.៩ភាគរយ, វៀតណាម មានតម្លៃជាង ២ពាន់លានដុល្លារ កើនឡើង ៣៧.៨ភាគរយ, ជប៉ុនមានតម្លៃជាង ១ពាន់លានដុល្លារ ថយចុះ ០.៣ភាគរយ រួមនឹងទីផ្សារផ្សេងទៀត៕

ប្រភព​៖ ក្រសួងព័ត៌មាន