ដំណឹងល្អ! នាវាទេសចរណ៍ WESTERDAM នឹងនាំភ្ញៀវទេសចរប្រមាណ ៣៥០០នាក់មកកាន់ប្រទេសកម្ពុជានៅចុងខែធ្នូនេះ
ទេសចរណ៍ December 12, 2023 Khmernote

នាវាទេសចរណ៍ WESTERDAM នឹងនាំភ្ញៀវទេសចរប្រមាណ ៣៥០០នាក់មកកាន់ប្រទេសកម្ពុជានៅចុងខែធ្នូនេះ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្រសួងទេសចរណ៍បានបញ្ជាក់នៅលើផេកផ្លូវការដូច្នេះថា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច កំពង់ផែស្វយ័ត និងផ្នែកពាក់ព័ន្ធ ស្តីពីការត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍ WESTERDAM ដែលនឹងមកដល់ខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងមានអ្នកដំណើរសរុបប្រមាណ ៣៥០០នាក់។

សូមរម្លឹកផងដែរថា នាវា Westerdam នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីអំឡុងផ្ទុះជំងឺកូវីដ-១៩កាលពីឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអ្នកទេសចរចំរុះជាតិសាសន៍រាប់ពាន់អ្នកដែលជាប់នៅលើនាវានេះ ដោយសារប្រទេសមួយចំនួនមិនឱ្យចូលចត។ ក្រោយការចូលចតដល់កំពង់ផែក្រុងព្រះសីហនុអ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឱ្យប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកជាប់ឈ្មោះជាប្រទេសតូចតែបេះដូងមនុស្សធម៍ធំ៕

អត្ថបទ៖ លីនី