សាស្ត្រាចារ្យថៃមួយរូប លើកឡើងថា រដ្ឋាភិបាលថៃចំណាយថវិកាតិចលើការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវ ខណៈកម្ពុជា និងវៀតណាម ចំណាយច្រើន នេះគឺជាចំណុចខ្លាំងរបស់ប្រទេសទាំងពីរនេះ
សេដ្ឋកិច្ច December 8, 2023 Khmernote

សាស្ត្រាចារ្យរង Somporn Isvilanonda អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Knowledge Network នៃប្រទេសថៃ បានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានចំណាយថវិកាច្រើនជាងប្រទេសថៃ លើការ​ស្រាវជ្រាវ និង​ការអភិវឌ្ឍ ដែលនេះគឺជាចំណុចខ្លាំងមួយ។ នេះបើយោងតាមការដក់ស្រង់ពីការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោក Somporn បាននិយាយថា រដ្ឋាភិបាលថៃបានចំណាយពី ៤០០ទៅ ៥០០ពាន់លានបាត (ប្រមាណ ១១.៣ ពាន់លានដុល្លារ ទៅ ១៤.១ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ដើម្បីឧបត្ថម្ភកសិករដាំដុះស្រូវ ប៉ុន្តែចំណាយត្រឹមតែ ២០០លានបាត (ប្រមាណ ៥.៦ លានដុល្លារ) ប៉ុណ្ណោះលើការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវ បើធៀបនឹងប្រទេសកម្ពុជា និងវៀតណាម ដែល​បាន​ចំណាយ​ថវិកា​ច្រើន​ជាងនេះ ​លើ​ការ​ស្រាវជ្រាវ និង​ការអភិវឌ្ឍ។ លើសពីនេះទៅទៀតលោកបានអះអាងថា វៀតណាមមានអ្នកស្រាវជ្រាវអង្ករកាន់តែច្រើន រួមទាំងអ្នកស្រាវជ្រាវបរទេសជំនាន់ថ្មី ដើម្បីជួយដល់ឧស្សាហកម្មអង្ករ ដែលចាត់ទុកថា ជាចំណុចខ្លាំងមួយរបស់វៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ Thai PBS World