ប្រទេសថៃ ប្រកាសថានឹងលែងចូលរួមក្នុងការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោកទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS World ដែលបានចុះផ្សាយកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ។
លោក Chukiat Opaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃមិនបានចូលរួមក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោកឆ្នាំ២០២៣ ដែលធ្វើឡើងក្នុងប្រទេសហ្វីលីពីននោះទេ ហើយក៏នឹងលែងចូលរួមការប្រកួតប្រជែងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀតផងដែរ។
ការប្រកាសរបស់លោក Chukiat បានធ្វើឡើងបន្ទាប់ពីអង្កររបស់វៀតណាម ST25 ត្រូវបានបោះឆ្នោតជ្រើសរើសជាអង្ករល្អបំផុតក្នុងចំណោមអង្ករទាំង ៣០ ដែលចូលរួមប្រកួតប្រជែង។ ជាលទ្ធផលមានតែអង្ករមកពីប្រទេស កម្ពុជា វៀតណាម និងឥណ្ឌា ប៉ុណ្ណោះ ដែលឈានដល់ជុំចុងក្រោយ ទទួលបានចំណាត់ថ្នាក់។
លោក Chukiat ពន្យល់ថា ប្រសិនបើអង្ករ «ម្លិះថ្លៃ Hom Mali» មិនទទួលបានជ័យលាភីលេខ១ ប្រជាជននឹងចោទជាសំណួរថា ហេតុអ្វីបានជាថៃមិនឈ្នះ ឬអង្ករប្រភេទណាដែលត្រូវបញ្ចូលក្នុងការប្រកួត។ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងការប្រកួតអង្ករល្អជាងគេបំផុតលេីពិភពលោកចំនួន ១៤ដងកន្លងមក អង្ករផ្កាម្លិះថៃធ្លាប់បានជាប់លេខ ១លេីពិភពលោកបាន ៧ដង។ ជាមួយគ្នានេះដែរ អង្ករ ST25 របស់វៀតណាម ជាពូជដែលគេបង្កាត់លាយគ្នារវាងពូជស្រូវក្រអូបជាច្រេីនប្រភេទដូចជា ពូជម្លិះថៃ , ពូជ basmati របស់ឥណ្ឌា និងពូជអង្ករជប៉ុន។
លោកបញ្ជាក់បន្ថែមថា បើទោះយ៉ាងណានេះក្ដី ក្រុមហ៊ុននាំចេញអង្ករ នៅតែអាចដាក់ពូជអង្ករដែលខ្លួនពេញចិត្តចូលរួមក្នុងការប្រកួតប្រជែងបាន ប៉ុន្តែក្នុងនាមជាក្រុមហ៊ុននៃសមាគមអ្នកនាំចេញអង្ករថៃ (TREA)៕


អត្ថបទ៖ លីនី
ប្រភព៖ Thai PBS World


