កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអុនម័តគម្រោងថ្មីចំនួន ២១ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២២ពាន់កន្លែង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះ។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន ១. គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឬស្សជ្រុំកណ្ដាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោងសាងសង់វារីអគ្គិសនីបាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ២. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុករំដួល ខេត្តស្វាយរៀង និង៣. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្ដប់ ៨២.៩០% នៃទុនវិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧.១០% មានមកពីប្រទេសចិន៕


ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អត្ថបទ៖ លីនី


