ការប្រកួតអង្ករល្អបំផុតរបស់ពិភពលោក ដែលរៀបចំដោយ The Rice Trader នៅហ្វីលីពីនសម្រាប់ឆ្នាំ២០២៣នេះ បានចេញលទ្ធផលហើយក្នុងនោះអង្កររបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ២ តាមពីក្រោដោយឥណ្ឌាទទួលបានចំណាត់ថ្នាក់លេខ ៣ ខណៈចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសវៀតណាម។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។
ការប្រលងនៅឆ្នាំនេះមានការចូលរួមពីជាង ១០ប្រទេស ហើយសំណាកអង្ករចំនួន ៣០ប្រភេទត្រូវបានដាក់ក្នុងការប្រកួត។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅឆ្នាំនេះអ្នករៀបចំមិនបានផ្តល់រង្វាន់ខាងលើនេះផ្ដោតទៅពូជជាក់លាក់ណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញបានផ្តល់ពានរង្វាន់សម្រាប់អង្ករទាំងអស់របស់ប្រទេសទាំងមូលតែម្ដង។
គួរបញ្ជាក់ផងដែរថា ការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ដែលរៀបចំដោយប្រទេសហ្វីលីពីននៅឆ្នាំនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩ ដោយក្រុមហ៊ុន The Rice Trader របស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress


