តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះ បញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន SCHNEITEC VIBRANT CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង។
(រូបតំណាង)
បើតាមការបញ្ជាក់នៅលើគណនីផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគដ៏ធំខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ៣៥កន្លែង។
សូមបញ្ជាក់ផងដែរថា ខេត្តស្វាយរៀង នាពេលបច្ចុប្បន្ននេះ ហាក់កំពុងត្រូវប៉ាន់ខ្លាំង ខណៈក្រុមហ៊ុន សហគ្រាស តូច ធំ ជាច្រើនបានសម្រេចបោះទុនរាប់សិបលានដុល្លារវិនិយោគនៅក្នុងខេត្តសក្ដានុពលមួយនេះ។ ជាមួយគ្នានេះដែរ គម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យខាងលើនេះ នៅពេលបញ្ចប់ការសាងសង់ នឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់អគ្គិសនី៕

អត្ថបទ៖ លីនី


