វៀតណាម ក្លាយជាប្រទេសផ្គត់ផ្គង់បង្គាធំជាងគេទី២ របស់ពិភពលោក ដោយនាំចេញទៅកាន់ប្រទេស និងដែនដីចំនួន ១០០
សេដ្ឋកិច្ច November 29, 2023 Khmernote

យោងតាមអគ្គនាយកដ្ឋានជលផល ក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា​ ប្រទេសវៀតណាមកំពុងនាំចេញបង្គាទៅកាន់ប្រទេស និងដែនដីប្រមាណចំនួន ១០០ ជុំវិញពិភពលោក ដែលនាំឱ្យប្រទេសនេះក្លាយជាប្រទេសផ្គត់ផ្គង់បង្គាធំជាងគេទី២ របស់ពិភពលោក ដែលស្មើនឹង ១៣%-១៤% នៃតម្លៃសរុបនៅលើពិភពលោក។

តំណាងអគ្គនាយកដ្ឋាន បានមានប្រសាសន៍ថា ក្នុងអំឡុងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៣ វៀតណាមមានផ្ទៃដីចិញ្ចឹមបង្គាចន្លោះពី ៦៤៤ពាន់ហិតា ទៅ ៧៣៧ពាន់ហិកតា។

ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មបង្គារបស់វៀតណាមនៅតែជួបការលំបាកមួយចំនួន ឧទាហរណ៍ដូចជា ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទាប ដោយគ្រួសារកសិករ (ត្រឹមតែ ១៨.៩% នៃផ្ទៃដីធ្វើកសិកម្មសរុប) ការពឹងផ្អែកលើប្រភពបង្កាត់ពូជធម្មជាតិ ទំនាក់ទំនងដែលមិនមានការរឹតបន្តឹងក្នុងខ្សែសង្វាក់ផលិតកម្មបង្គា ថ្លៃដើមផលិតកម្មខ្ពស់ និងភាពប្រកួតប្រជែងទាប។

លោក Tran Dinh Luan អគ្គនាយកនៃអគ្គនាយកដ្ឋានបានមានប្រសាសន៍ថា ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មបង្គារបស់ប្រទេស មូលដ្ឋានត្រូវរៀបចំផលិតកម្មឡើងវិញ ដើម្បីកាត់បន្ថយតំបន់កសិកម្មខ្នាតតូច និងអនុវត្តដំណើរការបច្ចេកទេសកាត់បន្ថយថ្លៃដើមផលិតកម្ម និងលើកកំពស់ការប្រកួតប្រជែងផលិតផលបង្គារបស់វៀតណាម។ ទន្ទឹមនឹងនោះ ភ្នាក់ងារគ្រប់គ្រងរបស់រដ្ឋត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវពូជ គ្រប់គ្រងគុណភាព និងតម្លៃចំណី ព្រមទាំងលើកកម្ពស់វិធីសាស្រ្តផលិតកម្ម ដែលជួយបង្កើនប្រសិទ្ធភាពនៃការចិញ្ចឹមបង្កង៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus