ក្រុមហ៊ុនកង់ XDS Bicycle ស្នើ CDC ជួយសម្រួលដើម្បីបញ្ជូនបុគ្គលិកជំនាញរបស់ក្រុមហ៊ុនពីកម្ពុជាទៅបណ្ដុះបណ្ដាលរយៈពេលខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងទីក្រុងសិនជិន
សេដ្ឋកិច្ច November 24, 2023 Khmernote

ក្រុមហ៊ុនកង់ XDS Bicycle ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង ស្នើសុំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយសម្របសម្រួលដើម្បីបញ្ជូនបុគ្គលិកជំនាញរបស់ក្រុមហ៊ុនពីកម្ពុជាទៅទទួលវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

ការស្នើរបស់ក្រុមហ៊ុនផលិតកង់ខាងលើនេះ ត្រូវបានធ្វើឡើងដោយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG
Bicycle Co., Ltd.ក្នុងឱកាសជួបពិភាក្សាការងារឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

នៅក្នុងកិច្ចប្រជុំ លោកស្រី Chuqiao Li បានបញ្ជាក់ថា ក្រុមហ៊ុនបានស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើគោលបំណងដែលក្រុមហ៊ុនចង់បញ្ជូនបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុនអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនបានជួបប្រទះ សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវសកម្មភាពវិនិយោគដែលមានស្រាប់ និងជំរុញឱ្យក្រុមហ៊ុនអាចពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា។

សូមជម្រាបថាក្រុមហ៊ុនផលិតកង់ XDS បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៩ លើការដំឡើង និងនាំចេញប្រភេទកង់ផ្សេងគ្នាទៅកាន់ទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបជាដើម។ ក្រុមហ៊ុននេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ១៩លានដុល្លារ និងបានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ១.៦០០កន្លែង៕

អត្ថបទ៖ លីនី