តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០នាក់
សេដ្ឋកិច្ច November 23, 2023 Khmernote

យោងតាមការចុះផ្សាយនៅលើគណនីផ្លូវការរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០នាក់។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានគម្រោងវិនិយោគសរុបប្រមាណ ២៣១គម្រោង (ដំណើរការសកម្មភាពចំនួន ១០៤គម្រោង)។ ទុនវិនិយោគគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រមាណ ១.៥៤២លានដុល្លារ ចំពោះមុខសញ្ញាវិនិយោគមានដូចជា៖ សំបកកង់រថយន្ត បន្ទះសូឡា ក្តារបន្ទះ សម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ គ្រឿងចក្រលើកដាក់ទំនិញ ដែកទីប បរិក្ខារពេទ្យ ក្តារប៉ាកេ គ្រឿងសង្ហារឹម សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ សម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលី សំបកវេចខ្ចប់ កាវ និងទឹកថ្នាំជាដើម និងផ្ដល់ឱកាសការងារប្រមាណ ២៥.៦០០កន្លែង។

គួរបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្តើមដំណើរការកាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ ដែលមានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅលើផ្ទៃដីទំហំ ១១១៣ហិកតា៕

ប្រភព៖ គណនីផេកផ្លូវការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល -Chanthol Sun DPM