សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្ន មៀនប៉ៃលិនកម្ពុជា បាននិងកំពុងដាក់លក់នៅលើទីផ្សារអនឡាញ អាលីបាបា (Alibaba)
សេដ្ឋកិច្ច November 20, 2023 Khmernote

ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ​ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”​ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន មៀនប៉ៃលិនកម្ពុជា បាននិងកំពុងដាក់លក់នៅលើទីផ្សារអនឡាញ អាលីបាបា។

សម្តេចធិបតីមានប្រសាសន៍ថា៖ «​ក្រុមហ៊ុន អាលីបាបានេះ គាត់មានអតិថិជនគាត់រាប់រយលាននាក់នៅលើពិភពលោក ហើយការឱ្យគាត់ជួយលក់ហ្នឹងគឺអត់មានចាំបាច់ទាល់តែរកភ្នាក់គាត់ឱ្យមកជួយដើរលក់ទេ គឺគាត់​សុំលក់នៅក្នុងថ្នាលបច្ចេកវិទ្យារបស់គាត់ហ្នឹងឯង ដើម្បីដាក់ផលិតផលរបស់យើងនៅលើហ្នឹង គឺអតិថិជនរាប់រយលាននាក់នៅលើពិភពលោកមាន។ ហើយកាលខ្ញុំទៅទីនោះ ខ្ញុំឃើញ​មៀនប៉ៃលិន លក់តាមអាលីបាបា សាកមួយកុងតៃន័រដំបូងគឺដំណើរការ បានន័យថាអ្នកលក់ផ្ទាល់មានលទ្ធភាព ដោយមិនចាំបាច់នេះទេ។ ហើយមិនមែនតែផលិតផលកសិកម្មទេ អាលីបាបា អាចយកផលិតផលសិប្បកម្ម និងផលិតផលផ្សេងទៀត ដែលស្រុកយើងអាចលក់បាន។​»

សម្តេចធិបតីមានប្រសាសន៍បន្ថែមថា៖ « ការដាក់លក់មៀនប៉ៃលិនកម្ពុជានៅលើទីផ្សារអាលីបាបា គឺជាការបើកច្រកមួយទៀតតាមរយៈបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងឱ្យផលិតផលរបស់​កម្ពុជាអាចមានលទ្ធភាពលក់​ទៅដល់ដៃអតិថិជននៅក្រៅប្រទេស »៕

អត្ថបទ៖ លីនី