អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ បាន ចេញសេចក្ដីជូនដំណឹង ស្ដីពីការរំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣។
តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ដោយសង្កេតឃើញថាម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បង់ពន្ធ អគ្គនាយកដ្ឋានពន្ធសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីខកខនមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែមចំពោះការយឺតយ៉ាវ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនរគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមួលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម៖