ទីម័រលេស្តេ ចុះហត្ថលេខាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូង
សេដ្ឋកិច្ច November 17, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសទីម័រលេស្តេ បានចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូង បន្ទាប់ពីប្រទេសទាំងពីរបានចុះ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្ករកាលពីឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងលោក Anibal Carvalho Muniz តំណាងជាន់ខ្ពស់មកពីក្រសួងកិច្ចការសេដ្ឋកិច្ចនៃប្រទេសទីម័រលេស្តេ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ក្រោមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ នៅក្នុង ជំនួបកិច្ចពិភាក្សាការងារ។

កិច្ចពិភាក្សាការងារនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ពី សក្តានុពលក្នុងកិច្ចសហប្រតិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចាពីលក្ខខណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេផងដែរ។

ឯកឧត្តម ចាន់ សុខទី បានបញ្ជាក់ថា នេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀត សម្រាប់កម្ពុជាក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ នឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ។

គួរបញ្ជាក់ដែរថា កម្ពុជា និងទីម័រលេស្តេ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២៕

ប្រភព៖ ក្រសួងព័ត៌មាន