ក្រុមហ៊ុន Denso ដែលជាក្រុមហ៊ុនជប៉ុនដ៏ធំមួយ បោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១៣ គ្រោងផ្តល់ឱកាសការងារបន្ថែមប្រមាណ ៧០០កន្លែងទៀត នៅឆ្នាំក្រោយនេះ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចុះផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានខាងលើ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា ចុន្ទី អគ្គលេខាធិការគណះកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ីនីហ្ស៊ីកា ណាអូតូ នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនស្ទ (Denso) និងក្រុមការងារចូលសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោក អ៊ូនីហ្ស៊ីកា ណារតូ បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការថា នាពេលបច្ចុប្បន្ន មានកម្មករប្រមាណជាង៥០០នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រ Denso ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ឱកាសការងារបន្ថែមទៀតប្រមាណ៧០០កន្លែង។
លើសពីនេះទៀត លោក ម៉ឹនីហ្ស៊ីកា ណាអូតូ បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Denso និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស ហើយក្នុងនោះផងដែរ បុគ្គលិកដែលជាវិស្វករចំនួន ១០០នាក់ដែលបាននិងកំពុងបម្រើការនៅក្នុងរោងចក Denso បច្ចុប្បន្ន មាន៥០នាក់គឺជាសិស្សដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូ។
ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះការរីកចំរើនរបស់ក្រុមហ៊ុនដែល ឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលមូលធនមនុស្សកម្ពុជាដើម្បីបង្កើន ផលិតភាពរបស់ក្រុមហ៊ុន៕



អត្ថបទ៖ លីនី


