សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលសម្រេចដាក់ចេញវិធានការចំនួន២ ជួយដល់ប្រតិបត្តិករនៅក្នុងខេត្តសៀមរាប ក្នុងនោះក៏មានការផ្តល់កម្ចីចំនួន ៥០លានដុល្លារ
សេដ្ឋកិច្ច November 13, 2023 Khmernote

នៅក្នុងឱកាសអញ្ជើញជាអធិបតី​ ក្នុងកម្មវិធី “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”​ នាថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ស ម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការចំនួន ២ ជួយដល់ប្រតិបត្តិករនៅក្នុងខេត្តសៀមរាប ដោយក្នុងនោះ ក្នុងនោះក៏មានការផ្តល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ចំនួន ៥០លានដុល្លារផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ដោយមើលឃើញពីការលំបាករបស់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីយកទៅប្រើប្រាស់ក្នុងការស្ដារបើកឡើងវិញ ឬ កែលម្អអាជីវកម្ម រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការចំនួន២ ដើម្បីជួយដល់ប្រតិបត្តិករទេសចរណ៍នៅសៀមរាប ដោយទី១ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគាររៀបចំឥណទានឡើងវិញ ជូនដល់ប្រតិបត្តិករនៅសៀមរាបដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធនរយៈពេល ១២ខែ។ ទី២ ធនាគារសហគ្រាសធុនតូច និងមធ្យមត្រូវរៀបចំសម្រួលនីតិវិធី និងរៀបចំផ្ដល់ឥណទានក្នុងទំហំទឹកប្រាក់ ហាសិបលានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រតិបត្តិករ ទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតដើម្បីជំរុញកំណើនទេសចរនៅទីនោះ »៕

អត្ថបទ៖ លីនី