សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងអត្រាពន្ធនោះដែរ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលនឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយពន្ធដែលមានស្រាប់ក៏មិនមានការដំឡើងអត្រានោះដែរ។ កន្លងមករាជរដ្ឋាភិបាលនៅក្នុងអាណត្តិមុនៗបានសម្រេចលុបចោលជាបន្តបន្ទាប់នៅប្រភេទពន្ធដូចជា ពន្ធសត្តឃាទ ពន្ធលើរបបម៉ៅការ ពន្ធតែមប្រី៍សារពើពន្ធ ពន្ធតែមសារពើពន្ធលើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកុលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តដែលកម្លាំងដល់ ១៥០សេស និងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន ដែលជាពន្ធដែលយើងបានលុបចោល ហើយយើងនឹងបន្តការអនុវត្តនេះទៀត»។
សម្ដេចធិបតីក៏បានគូសបញ្ជាក់បន្ថែមថា៖ «បន្ថែមពីលើនេះ កន្លងមកក៏មានការលើកលែងពន្ធមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិនេះ នឹងបន្តអនុវត្តជាគោលការណ៍មិនយកពន្ធគឺ ពន្ធដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម ពន្ធអចលនទ្រព្យតម្លៃទាបជាង ១០០លានរៀល ពន្ធប្រថាប់ត្រាលើការផ្ទេរ កម្មសិទ្ធលើអចលទ្រព្យពីឪពុកម្ដាយមកកូន យាយតាមកចៅ ប្រពន្ធនិងប្ដីសម្រាប់ឱ្យអំណោយតែមួយលើកលើមរតក អាករលើតម្លៃបន្ថែម លើមុខទំនិញដែលជាអាហារដ្ឋាន ដែលជាអាហារ ជាមូលដ្ឋានសម្រាប់ការស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ២០២៨ និងពន្ធលើប្រាក់បៀវត្សអប្បបរិមា របស់មន្រ្តីរាជការគ្រប់ប្រភេទទាំងអស់ ប្រាក់ឈ្នួលអប្បបរិមារបស់កម្មករនយោជិត ដែលនេះជាពន្ធដែលយើងបានលើកលែង ហើយរាជរដ្ឋាភិបាលអណត្តិថ្មីនេះ បានបន្តអនុវត្ត »៕



អត្ថបទ៖ លីនី


