កសិករវៀតណាមដែលប្រកបរបរដាំដូងត្រូវខាតបង់​ ដោយសារតែតម្លៃ និងបរិមាណនៃការនាំចេញផ្លែដូងធ្លាក់ចុះ
សេដ្ឋកិច្ច November 10, 2023 Khmernote

កសិករដាំដំណាំដូង នៅតំបន់ដីសណ្ដទន្លេមេគង្គ ក្នុងប្រទេសវៀតណាមជួបប្រទះការខាតបង់ ដោយសារតែតម្លៃ និងបរិមាណនាំចេញ ផ្លែដូងធ្លាក់ចុះ។ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃដូង បានធ្លាក់ចុះពាក់កណ្ដាល ពោលគឺចុះមកនៅត្រឹមចន្លោះពី ១៥០០ ទៅ ២៩០០ដុង (០.០៦ ទៅ ០.១២ ដុល្លារ) ក្នុងមួយផ្លែ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

លោក Phan Van Dinh អាយុ ៦៨ឆ្នាំ កសិករមកពីស្រុក Giong Trom នៃខេត្ត Ben Tre ដែលជាខេត្តដាំដូងធំជាងគេរបស់វៀតណាម មានចំការដូងទំហំ ២,០០០ ម៉ែត្រការ៉េ បានលើកឡើងថា បច្ចុប្បន្ន​គាត់​លក់​ដូង​បាន​ប្រាក់តែ ១ លាន​ដុង​ក្នុង​មួយ​ខែ​គ្រប់គ្រាន់​សម្រាប់​តែ​ការចំណាយ​ប៉ុណ្ណោះ គឺ​មិន​ចំណេញ​ទេ​​។ ចំណែកឯ លោក Le Van Trong ម្ចាស់ចំការដូងទំហំ ៦០០០ ម៉ែត្រការ៉េនៅ Ben Tre ក៏បានលើកឡើងថា គាត់មិនចង់លក់ផ្លែឈើចំនួនដែលគាត់បានប្រមូលផលបាននោះទេ ព្រោះឈ្មួញផ្តល់ឱ្យថ្លៃត្រឹមតែ ១៥០០ ដុង ដោយនិយាយថា​ ដូងគាត់មានទំហំតូចពេក។

ទោះជាយ៉ាងនេះក្ដី លោក Huynh Quang Duc អនុប្រធាននាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទ Ben Tre បាននិយាយថា ដោយសារតែជារដូវប្រមូលផលដូង ហើយទិន្នផលមានច្រើន ទើបបណ្តាលឱ្យតម្លៃធ្លាក់ចុះ។ គួរបញ្ជាក់ផងដែរថា ខេត្ត Ben Tre មាន​ចម្ការ​ជាង ៧៤.០០០ ហិកតា ឬ ៨០% នៃ​ផ្ទៃដី​ដាំ​ដូង​សរុប​នៅ​តំបន់​ដីសណ្ត និង ៥០% នៃ​ប្រទេស​វៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress