រយៈពេល ១ឆ្នាំ មានយានយន្តជាង ៤លានគ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយក្រុមហ៊ុនទទួលបានថវិកា ៣៥លានដុល្លារ
សេដ្ឋកិច្ច November 9, 2023 Khmernote

គិតពីថ្ងៃទី១ វិច្ឆិកា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២៣ កន្លងមកនេះ មានយានយន្តប្រមាណ ៤,៦៨លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយថវិកាដែលក្រុមហ៊ុនទទួលបានរយៈពេល ១ឆ្នាំនេះ មានចំនួនប្រមាណ ៣៥លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយនៅលើគណនីផ្លូវការរបស់ឯកឧត្តម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមជ្រាបថា ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត៕

អត្ថបទ៖ លីនី