ឯកឧត្តមបណ្ឌិត ថោង ខុន ៖ ទិវារត់ប្រណាំង Ultra Trail Angkor នឹងជំរុញឱ្យ ភ្ញៀវទេសចរមកលេងកម្សាន្តតំបន់សៀមរាបអង្គរបានច្រើនឡើងវិញ
ទេសចរណ៍ November 8, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ (Ultra Trail Angkor) លើកទី៧ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញ ដែលនឹងជួយជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅតំបន់សៀមរាបអង្គរបានច្រើនឡើងវិញ។

នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ (Ultra Trail Angkor) លើកទី៧ ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយក្រុមហ៊ុន Phoenix Voyages ដោយផ្តោតសំខាន់លើការជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ, ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិផងដែរ។

ប្រធាន NOCC បានសង្កត់ធ្ងន់ថា ៖«ក្រោយវិបត្តិជំងឺកូវីដ-១៩ តំបន់សៀមរាបអង្គរ គឺចំនួនភ្ញៀវទេសចររបស់យើងបានវិលត្រឡប់មកវិញយឺត បើប្រៀបធៀបនឹងមុនវិបត្តិនេះ ពោលគឺឆ្នាំ២០១៩-២០២០ គឺទើបនឹងត្រឡប់មកវិញ តាមត្រឹមចំនួន ៣០% ដោយចំនួននេះមានភ្ញៀវទេសចរពីចន្លោះពី៨០០០នាក់ ទៅ១ម៉ឺននាក់ ក្នុង១ថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ន យើងទើបទទួលបានចំនួនភ្ញៀវ ចន្លោះពី១៨០០នាក់ ទៅ ២០០០នាក់ ក្នុង១ថ្ងៃ ខណៈជើងហោះហើរ បច្ចុប្បន្ន គឺមានត្រឹម១៨ជើង ឬទាំងការហោះហើរទាំងទៅទាំងមក មិនដល់៤០ជើងនោះទេ។ កាលពីអំឡុងឆ្នាំ២០១៩-២០២០ គឺមានចំនួនជើងហោះហើរ ៤០ជើង បើសរុបទាំងទៅទាំងមក គឺ៨០ជើងឯណោះ ក្នុង១ថ្ងៃៗ»។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតបានអះអាងទៀតថា ដូច្នេះយើងកំពុងខិតខំផ្សព្វផ្សាយតំបន់សៀមរាបអង្គររបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តឱ្យបានច្រើនឡើងវិញ។ ការរៀបចំព្រឹត្តិការណ៍កីឡា គឺជាការងារផ្សព្វផ្សាយមួយយ៉ាងខ្លាំង ដោយព្រឹត្តិការណ៍កីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍មួយដ៏សំខាន់ ដែលមានអ្នកចូលរួមយ៉ាងច្រើន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានអំពាវនាវដល់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិបន្តចុះឈ្មោះចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៧ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ឱ្យបានច្រើនកុះករ។

«ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra Trail Angkor ដែលត្រូវបានរៀបចំឡើងជាលើកដំបូង កាលពីឆ្នាំ២០១៦ គឺទទួលបានតែចំនួនអ្នករត់ត្រឹមតែ ២៣២នាក់ប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវអ្នករត់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារបរិស្ថាននៅតំបន់អង្គរមានអំណោយផលខ្លាំងណាស់ សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាបែបនេះ ដោយវាបានផ្តល់នូវសុខមាលភាពល្អ »។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់បន្ថែម។

បើតាមការបញ្ជាក់របស់លោក Edouard George នាយកក្រុមហ៊ុន Phoenix Voyages បានបញ្ជាក់ថា សម្រាប់ការចុះឈ្មោះរបស់អ្នករត់ប្រណាំង គិតត្រឹមថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមានចំនួន ៩១៤នាក់ មកពី៣២ប្រទេស ដោយក្នុងចំនួននេះ មានអ្នករត់ប្រណាំងកម្ពុជា ២៥៧នាក់ ឈរលេខ១, លេខ២ អ្នករត់មកពីប្រទេសបារាំង និងលេខ៣ មកពីប្រទេសវៀតណាម ខណៈប្រទេសឈរលេខរៀងបន្តបន្ទាប់ មានដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជាដើម។ ជាគោលដៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃបិទបញ្ចប់នៃការចុះឈ្មោះ លោករំពឹងថានឹងទទួលបានអ្នកចូលរួមសរុបពី ១៥០០នាក់ដល់ ២០០០នាក់។ គួរម្លឹកថា កាលពីព្រឹត្តិការណ៍ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣ កន្លងទៅ មានអ្នកចូលរួមសរុប ១២០០នាក់ (កម្ពុជា ២២៨នាក់) មកពី៤៤ប្រទេស ក្នុងនោះ ៤០% ជាស្ត្រី ដោយអ្នកចូលរួម ភាគច្រើនមកពីបារាំង, កម្ពុជា និងវៀតណាម។

សូមបញ្ជាក់ថា ចំពោះវិញ្ញាសាដាក់ឲ្យប្រកួត ឆ្នាំ២០២៤ មានចំនួន៨វិញ្ញាសា ១. Ultra-Trail Angkor 100 km ២. Bayon Trail 64 km ៣. Marathon Trail 42 km ៤. Jungle Trail 32 km ៥. Temple Run 18 km ៦. Nordic Walk 18 km ៧. Walk & Hike 18 km និងទី៨. Elephant Trail 8 km៕

ប្រភព៖ ក្រសួងព័ត៌មាន