ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសហការគ្នាដាំកូនត្នោត អមសងខាងតាមបណ្តោយផ្លូវល្បឿនលឿន ដើម្បីបង្ហាញដេីមត្នោតដែលជាអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ បានគយគន់អំឡុងពេលដែលធ្វើដំណើរ។
តាមរយៈខ្លឹមសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា ឯកឧត្តម មានបំណងចង់ដាំដេីមត្នោតអមសងខាងផ្លូវល្បឿនលឿន តាំងពីឯកឧត្តមបានចុះមកមេីលសកម្មភាពក្រុមអ្នកបច្ចេកទេសចុះមកវាស់ស្ទង់ សាងសង់ផ្លូវល្បឿនលឿនមកម្ល៉េះ ហើយស្រាប់តែកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានបបួលឯកឧត្តមដាំកូនត្នោត តាមបណ្តោយផ្លូវល្បឿនលឿននេះពិតប្រាកដមែន។
ឯកឧត្តមបណ្ឌិត បានឱ្យដឹងបន្ថែមទៀតថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមព្រមទាំងភរិយា កូនចៅបុគ្គលឹកកម្មករ សិស្សានុសិស្សបានចូលរួមជាមួយអាជ្ញាធរដែនដីខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម គួច ចំរេីន អភិបាលខេត្ត រួមជាមួយមន្ត្រីរាជការក្រោមឱវាទប្រមាណជាជាង ៣០០នាក់ បានរួមសហការគ្នាដាំដេីមត្នោតចំនួន ១.០០០ដេីមជាលេីកទីមួយ នៅអមសងខាងបណ្តោយផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ១៥៧ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ហើយពេលនេះក្រុមអ្នកបច្ចេកទេសបាននិងកំពុងតែបណ្តុះកូនត្នោតចំនួន ១៤.០០០ដេីម ទុកសម្រាប់ដាំនៅរដូវធ្លាក់ភ្លៀងដេីមឆ្នាំ ២០២៤ ខាងមុខនេះ យេីងនឹងដាំបន្ថែមទៀតក្នុងចន្លោះ ៥ម៉ែត្រមួយដេីម ។
ចំពោះការដាំដើមត្នោតខាងលើនេះ ឯកឧត្តមបណ្ឌិត បានបង្ហាញថា គឺក្នុងគោលបំណងចង់ឲ្យភ្ញៀវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ធ្វេីដំណេីរតាមបណ្តយផ្លូវល្បឿនលឿននេះ តទៅអនាគត បានឃេីញដេីមត្នោតដែលជាអត្តសញ្ញាណជាតិខ្មែរយេីង ដុះអមសងខាងផ្លូវ ចម្រុះទៅដោយដំណាំដូងប្រេង (ត្នោតប្រេង) កៅស៊ូ ព្រមទាំងដំណាំឈេីហូបផ្លែជាច្រេីនប្រភេទទៀតជាចំណីចក្ខុដ៏ល្អប្រណិត ពេលបានធ្វេីដំណេីរតាមផ្លូវល្បឿនលឿនម្តងៗ៕






