ក្រសួងការងារ កំពុងសហការជាមួយក្រសួងស្ថានប័នពាក់ព័ន្ធ ដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ
សេដ្ឋកិច្ច November 3, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួងស្ថានប័ន ពាក់ព័ន្ធ និយោជក កម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតាម តំបន់ដែលមានរោងចក្រ សម្រាប់ផ្តល់ភាពងាយស្រួលដល់កម្មករ កម្មការិនី បានយកកូនៗរបស់ខ្លួនទៅ ទទួលសេវាថែទាំ និងអប់រំបានត្រឹមត្រូវ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកណ្តាល នាថ្ងៃទី ០២ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ឱ្យសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្របន្ថែមទៀត ដោយរហូតមកដល់ពេលនេះ ក្រសួងការងារ បាននិងកំពុងសហការជាមួយនឹងក្រសួងអប់រំ យុវជន និង កីឡា ក្រសួងកិច្ចការនារី តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត ដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រ ដែលមានការចូលរួមទ្រទ្រង់ ពីនិយោជក និង ភាគីពាក់ព័ន្ធ រួមទាំងម្ចាស់តំបន់សេដ្ឋកិច្ចពិសេស និងម្ចាស់សួនឧស្សាហកម្ម ម្ចាស់រោងចក្រសហគ្រាស ការគ្រប់គ្រងការធានាគុណភាព និងការរក្សានិរន្តរភាពនៃទារកដ្ឋាននិងមត្តេយ្យសហគមន៍ទាំងអស់នោះ ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា គោលនយោបាយ ប្រើសាច់ប្រាក់និងការបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍ នេះ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិត មានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតីនិងបញ្ញាញាណរឹងមាំ ទទួលបានកម្មវិធីអប់រំកុមារតូច តាំងពីបឋមសិក្សារហូតដល់កម្រិត ឧត្តមសិក្សា។ ដូច្នេះ កម្មវិធីនយោបាយរបស់សម្ដេចធិបតី នឹងផ្ដល់ក្ដីសង្ឃឹមថ្មីមួយទៀត ជូនទៅដល់កម្មករ និយោជិត គឺការធានានូវអនាគតដ៏ភ្លឺស្វាងរបស់កូនចៅបងប្អូនកម្មករនិយោជិត ។

«យោងតាមការពិភាក្សាកន្លងមកនេះ ម្ចាស់រោងចក្រសហគ្រាសបានគាំទ្រឱ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្បែររោងចក្រ ដើម្បីឱ្យបងប្អូនកម្មករនិយោជិត ដែលមានកូនតូច ជាពិសេស រយៈពេល៣ខែ ក្រោយពេលលម្ហែមាតុភាព អាចយកទារក ឬ កូនរបស់ខ្លួន ទៅផ្ញើនៅទារកដ្ឋានសហគមន៍ បាន ហើយក្រោយពេលដែលកូនអាយុលើសពី៣ឆ្នាំ គឺអាចចូលទៅរៀននៅមត្តេយ្យសហគមន៍ ដែលនៅកៀកតំបន់រោងចក្រឬតំបន់ផ្ទះជួលរបស់ខ្លួន ដែលអាចឱ្យបងប្អូនបំពេញការងារ ដោយមានភាព ជឿជាក់ នឹងមិនបារម្ភអំពីសុវត្ថិភាពនិងសុខទុក្ខរបស់កូន។»

រាជរដ្ឋាភិបាល បានគិតគូរជាជំហាន ដើម្បីជួយសម្រួលដល់កម្មករ-កម្មការិនីដែលមកធ្វើការ ជួបការ លំបាកក្នុងការថែទាំកូន ដោយខ្លះអាចយកកូនទៅផ្ញើអ្នកជិតខាង ឬជួលអ្នកថែទាំ ដែលត្រូវចំណាយបន្ថែម និងបារម្ភពីសុវត្ថិភាពកូនផងនោះ។ ដូចនេះ ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែរ រោងចក្រសហគ្រាស គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំងសម្រួលបន្ទុក អាណាព្យាបាលក្នុងការមើលថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រាចូលសិក្សារបស់កុមារ ចាប់ពីកម្រិតមត្តេយ្យផងដែរ។

ជាមួយគ្នានេះ មត្តេយ្យសហគមន៍ គឺមិនមែនសម្រាប់តែបងប្អូនកម្មករ កម្មការិនីប៉ុណ្ណោះទេ តែក៏សម្រាប់កូនចៅប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះផងដែរ ដែលអាចយកកូន ចៅទៅដាក់នៅមត្តេយ្យសហគមន៍នៅក្បែរផ្ទះរបស់ពួកគាត់។ សូមបញ្ជាក់ថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ គឺជាការងារ អាទិភាពមួយ ក្នុងចំណោមការងារអាទិភាពទាំង ៤ចំណុច នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលត្រូវអនុវត្តក្នុងរយៈពេល២ឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន