កាលពីព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អមដោយថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ អាជ្ញាធរស្រុកកោះធំ វេជ្ជបណ្ឌិត និងលោកគ្រូអ្នកគ្រូពេទ្យ អញ្ជើញចុះពិនិត្យមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីធានាដល់របៀបរៀបរយ និងការត្រៀមសម្រាប់ពិធីបើកឱ្យដំណើរការជាផ្លូវការនាឱកាសសមស្របណាមួយខាងមុខនេះ។
សូមជម្រាបជូនថា មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២កន្លងទៅ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋជារួម។ មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ ឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល និងប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ។ មន្ទីរពេទ្យនេះនឹងដើរតួនាទីសំខាន់ក្នុងការបំពេញតម្រូវការព្យាបាលជំងឺទូទៅ និងសេវាត្រួតពិនិត្យសុខភាព ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក្នុងស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក និងស្រុកព្រៃកប្បាស់ នៃខេត្តតាកែវជាដើម៕









default

ប្រភព៖ Chanthol SUN, DPM, CDC 1st Vice-Chairman


