សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលមាន «ព្រែកជីកហ្វូណនតេជោ» សេដ្ឋកិច្ចខេត្តតាមដងទន្លេ នឹងកាន់តែរីកចម្រើនជាងមុន
សេដ្ឋកិច្ច October 25, 2023 Khmernote

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅពេលដែលគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងទាញសមុទ្រឱ្យជាប់ទន្លេ លេចចេញជារូបរាងឡើង នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើនផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅបណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងសង្ឃឹមថា ក្នុងរយៈពេលមិនយូរទេ ការធ្វើដំណើរយើងកាន់តែលឿន ព្រោះផ្លូវជាតិលេខ ៧ ត្រង់កំណាត់ស្គន់ ៤៥គីឡូទៅដល់ ស្ពានគីហ្សូណា នេះ បានបើកការដ្ឋានធ្វើតាំងពីដើមឆ្នាំនេះហើយ អ៉ីចឹងតិចទៀតនឹងរីកធំហើយ ព្រោះឥលូវយើងមកពីភ្នំពេញ មកដល់ស្គន់ លឿន ដល់ពី ស្គន់ មកដល់ផ្លូវកំពង់ចាម ផ្លូវយើងនៅតូចនៅឡើយ​ តែលូវយើងពង្រីក ៤ គន្លង ពីរទៅពីរមក ហើយអាចកាន់តែលឿន អ៉ីចឹងតិចទៀត កាន់តែលឿន កាន់ប្រសិទ្ធភាព សម្រួលកាន់តែច្រើន រោងចក្រកាន់តែមកទីនេះ។ ហើយបន្តិចទៀតពេលដែលយើងធ្វើគម្រោង «ព្រែកជីកហ្វូណន​» ទាញសមុទ្រឱ្យជាប់ទន្លេ បង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ទន្លេសាប ជាប់ទន្លេមេគង្គ ចុះទៅសមុទ្រ កាន់តែលឿន សេដ្ឋកិច្ចនៅតាមបណ្ដោយដងទន្លេនេះ កាន់តែរីក ហើយក្នុងនោះមានខេត្តកំពង់ចាមផងដែរ ហើយផលប្រយោជន៍បានទៅពីណា គឺបានទៅដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ»៕

អត្ថបទ៖ លីនី