ពូជស្រូវមួយប្រភេទ កំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារអន្តរជាតិ
សេដ្ឋកិច្ច October 21, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពូជស្រូវសែនក្រអូប០១ ជាប្រភេទស្រូវក្រអូបស្រាលដែលមានរយៈពេលខ្លី មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់។ បច្ចុប្បន្នកសិករ ៤០%កំពុងដាំដុះ ដែលពូជស្រូវនេះមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរុប។

បើតាម លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI) បានមានប្រសាសន៍ថា៖ «ពូជស្រូវសែនក្រអូប០១ នេះ ជាពូជស្រូវស្រាល ក្រអូបស្រាល មានអាយុកាលបើយើងពង្រោះ យើងអាចប្រើពេល ១០៥ថ្ងៃ តែបើយើងស្ទូង យើងប្រើពេលរហូតដល់ ១១៥ថ្ងៃ។ ពូជនេះ តាមពិតទៅ ត្រូវបានផលិតចេញពីពូជស្រូវ ដែលយើងធ្វើប្រជាករពីពូជស្រូវសែនក្រអូបចំនួន ៤ពូជ ដែលយើងធ្វើការប្រជាករវារយៈពេល ៤ឆ្នាំ ហើយបានយើងរើសបានស្រឡាយវា ចំនួន ៣ស្រឡាយ ហើយបានយើងយកមកធ្វើការដាំវាយតម្លៃបន្ស៊ាំលើស្រែកសិកររយៈពេល​ ២ឆ្នាំ បានយើងបានស្រឡាយមួយដែលល្អជាងគេ ហើយយើងបញ្ចេញបានជាពូជសែនក្រអូប០១ ដែលកសិករ អាចដាំ ដោយវាមិនប្រកាន់រដូវ អាចដាំបានគ្រប់រដូវឱ្យតែគាត់អាចគ្រប់គ្រងទឹកបានល្អ»។

លោកបានបន្ថែមទៀតថា៖ «ពូជនេះ គឺជាពូជស្រូវមួយ ដែលមានទីផ្សារ សម្រាប់នាំចេញទៅប្រទេសជាច្រើននៅជុំវិញពិភពលោក ចឹងពូជស្រូវនេះ មានលក្ខណៈល្អមួយសម្រាប់កសិករយើងផលិត ហើយយើងមិនបារម្ភពីការខ្វះទីផ្សារ។ ទិន្នផលជាទូទៅ មានការប្រែប្រួលពី ៣.៩តោន ទៅ ៦ក្នុងមួយហិកតា អ៉ីចឹងបើដីគាត់មានសក្ដានុពល ឬ តំបន់ដែលមានការគ្រប់គ្រងទឹកបានល្អ គឺអាចទទួលទិន្នផលបានពី ៥.៥ ទៅ ៦តោន ក្នុងមួយហិកតា»។ សូមទស្សនាការលើកឡើងរបស់ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ( CARDI) លម្អិតនៅខាងក្រោម ៖