ក្រុមហ៊ុនផលិតកង់ XDS Bicycle គ្រោងពង្រីករោងចក្ររបស់ខ្លួននៅក្នុងក្រុងបាវិត ឱ្យធំដូចរោងចក្រនៅទីក្រុង Shenzhen​ ប្រទេសចិន
សេដ្ឋកិច្ច October 20, 2023 Khmernote

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះទស្សនកិច្ចនៅទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញវិនិយោគិន និងបង្ហាញជូនឱកាសវិនិយោគថ្មីៗនៅកម្ពុជា ដល់ក្រុមហ៊ុនចំនួន២រួមមាន ក្រុមហ៊ុនផលិតកង់ XDS Bicycle និងក្រុមហ៊ុន Huawei។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាការងារជាមួយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) និងលោក Jianlin Bao អនុប្រធានក្រុមហ៊ុន Huawei Technologies Co., Ltd.ផងដែរ។

ក្នុងឱកាសនោះ XDS Bicycle ក្រុមហ៊ុនបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំង និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័សក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសជាងនេះទៅទៀត ក្រុមហ៊ុនបានបង្ហាញអំពីចក្ខុវិស័យ ក្នុងការពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រ ក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen នេះផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ ១៤០០នាក់រួចមកហើយ។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជម្រុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទ៖ លីនី