អេមីរ៉ាតអារ៉ាប់រួម មកពិនិត្យលទ្ធភាពវិនិយោគស្រូវអង្ករនៅកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ
សេដ្ឋកិច្ច October 19, 2023 Khmernote

អេមីរ៉ាតអារ៉ាប់រួម បង្ហាញពីបំណងចង់វិនិយោគស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយភ្ញៀវអេមីរ៉ាតអារ៉ាប់រួម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបប្រជុំនេះ ឯកឧត្តម បាន​សម្ដែង​ការ​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ភ្ញៀវអេមីរ៉ាតអារ៉ាប់រួម ដែលមានគោលបំណងចង់វិនិយោគស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមបានបង្ហាញ និងពន្យល់ពីប្រភេទពូជផ្ការំដួល និងពូជសែនក្រអូប ដែលជាអង្ករល្អនៅកម្ពុជា មានលក្ខណៈពិសេស និងថែមទាំងទទួលបានពានរង្វាន់ ៥ឆ្នាំផងដែរ ដែលចង់ជំរុញនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

បើតាមឯកឧត្តមរដ្ឋលេខាធិការ ការនាំចេញកសិផលកសិកម្មកម្ពុជា ជាពិសេសស្រូវអង្ករនេះ គឺជាកត្តាចាំបាច់ ដែលអាចជួយអោយកសិករមានទីផ្សារ តម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធិភាព និងនិរន្តរភាព។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានណែនាំផលិតផលសក្តានុពលបន្ថែមទៀតដូចជា ស្វាយ ស្វាយចន្ទី ម្រេច ផងដែរ។

សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការនាំចេញ ស្រូវអង្ករពីកម្ពុជាទៅកាន់ ទីផ្សារប្រទេសមជ្ឈិមបូព៌ាដែលមានប្រទេស អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី ជាដើម៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ