យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាមានការកើនឡើងវិញ បើធៀបឆ្នាំ២០១៩ មុនពេលមានវិបត្តិជំងឺកូវីដ-១៩ ។
ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នាថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល មានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងរយៈពេល៩ ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជិត ៣.៧ លាននាក់ កើនឡើង១៦២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើង ហោះហើរចំនួន ៣៧,២០០ ជើង កើនឡើង១០២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។
ក្នុងដើមខែតុលា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិនិងអន្តរជាតិ និងទំនិញតាមផ្លូវអាកាស ជាមធ្យមមានចលនាជើងហោះហើរចំនួន ៨៥០ជើង ក្នុងមួយសប្តាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣០ក្រុមហ៊ុន ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ដែលមកពីប្រទេសអាស៊ានទាំង៨ចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតា ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្ដមបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ក៏នឹងចូលរួមចំណែកផងដែរ ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា រយៈពេលវែងប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់អាស៊ាន និងពិភពលោក។
ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រី ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ និងការសាងសង់ត្រូវបន្តអនុវត្ត រហូតបានចប់ជាស្ថាពរ ក្នុងរាជរដ្ឋាភិបាលនៃនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនកិច្ចខំប្រឹងប្រែងក្នុងការពន្លឿន ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធនានា ដើម្បីចាប់យកឱកាស និងប្រើប្រាស់ឱ្យអស់សក្តានុពលនៃវិស័យទេសចរណ៍ ក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕


ប្រភព៖ ក្រសួងព័ត៌មាន


