សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅចុះបញ្ជីឱ្យបានគ្រប់គ្នា ដើម្បីទទួលបាន​អត្ថប្រយោជន៍រហូតដល់៩ចំណុច
សេដ្ឋកិច្ច October 10, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អំពាវនាវដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅចុះបញ្ជីឱ្យបានគ្រប់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍រហូតដល់ ៩ចំណុច។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចធិបតីបានឱ្យដឹងថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» មិនមានចរិតបង្ខំឱ្យប្រជាពលរដ្ឋចូលរួមចុះបញ្ជីនោះឡើយ តែលើកទឹកចិត្តឱ្យចូលរួម ដើម្បីរាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ និងអាចដាក់កិច្ចអន្តរាគមន៍នានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដូច្នេះសហគ្រាសមីក្រូធុនតូច និងមធ្យម ដែលចុះឈ្មោះបញ្ជីដោយស្ម័គ្រចិត្តក្នុងរយៈពេលអន្តរកាលនេះ នឹងទទួលបាននូវអត្ថប្រយោជន៍នៃការលើកលែងពិន័យនានា បំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងទៅ នឹងផ្តល់ការលើកទឹកចិត្តពន្ធដារផ្សេងៗ។ សម្ដេចធិបតីបន្ថែមថាគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ ក្នុងនោះក៏មានគោលការណ៍អនុគ្រោះ៩ចំណុច សម្រាប់លើកទឹកចិត្តឱ្យចូលមកនៅក្នុងប្រព័ន្ធដែលនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍ ទី១៖ គឺផ្តល់ការលើកលែងការផាកពិន័យនិងបំណុលទាំងអស់ នៅក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកដើម្បីបើកច្រកឱ្យប្រជាពលរដ្ឋចូលមកនៅក្នុងការប្រកបអាជីវកម្មក្នុងប្រព័ន្ធ ដោយមិនមានការព្រួយបារម្ភ។ ទី២៖ គឺការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រ ចិត្តនៅក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃ សេវាធ្វើបច្ចុប្បន្នភាព។ ទី៣៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ តាមរយៈការលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាព កន្លងមកមុនការចុះបញ្ជី។

ក្នុងនោះលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាព នៅពេលចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ធអប្បបរមាសម្រាប់ពីរឆ្នាំក្រោយការចុះបញ្ជី។ ទី៤៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៤-២០២៥តាមរយៈការលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបំពេញអនុលោមភាពកន្លងមក មុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធ លើប្រាក់ចំណូល ពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី។ ទី៥៖ ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ឬ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី។ ទី៦៖ ការកាត់បន្ថយការថ្លៃសេវាសម្រាប់ការផ្ដល់សេចក្ដីប្រកាសជូនដំណឹង បើកសហគ្រាសនិងការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមានចំនួនកម្មករតិចជាង៨នាក់។ ទី៧៖ ពង្រឹងយន្តការស្វ័យត្រួតពិនិត្យនិងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ច អន្តរក្រសួងនៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុង១ឆ្នាំ ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋងាយស្រួល។ ទី៨៖ រៀបចំការត្រួតពិនិត្យនិងការធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ និងតែ១លើកក្នុងពេល១ឆ្នាំ នៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបាន ឬមិនទាន់ចុះបញ្ជីស្នើសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ។ និងទី៩៖ រៀបចំបង្កើតបទដ្ឋានគតិយុត្តក្របខណ្ឌនូវយន្តការដែលផ្តល់ឱ្យស្ថានភាពស្របច្បាប់ ជាសហគ្រាសធុនមីក្រូតូចនិងតូច ដោយភ្ជាប់ជាមួយអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល៥ជាដើម។

«អ្វីដែលសំខាន់អាចឆ្លើយតបជាមួយបងប្អូនប្រជាពលរដ្ឋ ដូច្នេះគោលការណ៍ដែលយើងដាក់ចេញនេះចំនួន៩ចំណុចនេះ គឺជាអ្វីដែលបានបញ្ជាក់ច្បាស់ហើយ ដែលបងប្អូនមិនត្រូវប្រាកដបង្ខំនោះទេ ដោយបងប្អូនត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួម នៅពេលដែលបងប្អូនចូលរួមដោយស្ម័គ្រចិត្តនិងទទួលបានការលើកលែងពន្ធការលើកលែងអនុគ្រោះនូវពិន័យផ្សេងៗដែលពាក់ព័ន្ធជាមួយការធ្វើអនុលោមភាពកន្លងទៅក៏ដូចជាពន្ធលើទឹកចិត្តផ្សេងៗនេះគឺនិយាយនៅក្នុងក្របខ័ណ្ឌពន្ធ។ ប៉ុន្តែក្រៅពីការលើកលែងការផាកពិន័យ បំណុលនិងការលើកទឹកចិត្តខាងពន្ធដារ បងប្អូនក៏នឹងទទួលបាននូវចំណុចបន្ថែម នូវលទ្ធភាពនៃការទទួលបាននូវការបណ្ដុះបណ្ដាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍការគ្រប់គ្រងសហគ្រាស ដល់កម្មករ បុគ្គលិកនៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិតផលនិងសហគ្រាសកាន់តែរឹងមាំ៕»

ប្រភព៖ ក្រសួងព័ត៌មាន