ក្រុមហ៊ុនអាកាសចរណ៍ធំៗ ផ្អាកជើងហោះហើរទាំងទៅ និងមកពីទីក្រុង Tel Aviv របស់អ៊ីស្រាអែល
សេដ្ឋកិច្ច October 10, 2023 Khmernote

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗបានផ្អាកជើងហោះហើរទាំងទៅ និងមក ពីកាន់ទីក្រុង Tel Aviv បន្ទាប់ពីផ្ទុះការវាយប្រហារពីសំណាក់ក្រុមហាម៉ាសនៅអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។

សារព័ត៌មានខាងលើបានឱ្យដឹងថា ការផ្អាកជើងហោះហើរនេះ គឺដោយសារ​ការព្រួយបារម្ភពីសុវត្ថិភាពខណៈពេលដែលការវាយប្រហារនៅតែបន្តកើតមានឡើង។ ជាមួយគ្នានេះ ក្រុមហ៊ុនដែលមានបានផ្អាកជើងហោះហើររួមមាន៖ United Airlines , American Airlines,
Delta Air Lines និងក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបជាច្រើនទៀតក៏បានលុបចោលជើងហោះហើរផងដែរ។

មិនត្រឹមតែជើងហោះហើរប៉ុណ្ណោះទេ ដែលត្រូវផ្អាកសូម្បីតែប្រតិបត្តិករនាវាទេសចរណ៍ Royal Caribbean និង Carnival របស់សហរដ្ឋអាមេរិក ក៏បានកែសម្រួលការធ្វើដំណើររបស់ពួកគេនៅក្នុងតំបន់អ៊ីស្រាអែល។ គួរបញ្ជាក់ផងដែរថា ប្រហែល ៥០% នៃកាលវិភាគជើងហោះហើរ Tel Aviv មិនត្រូវបានដំណើរការនៅថ្ងៃអាទិត្យ ហើយមួយភាគបីត្រូវបានលុបចោលគិតត្រឹមល្ងាចថ្ងៃចន្ទនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាម Flightradar24 ដែលជាគេហទំព័រតាមដានការហោះហើរ៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress