នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ដើម្បីសិក្សាលទ្ធភាពដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីអង្គការយូណេស្កូ
ទេសចរណ៍ October 5, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួង​ព័ត៌មាន បានឱ្យដឹងថា លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា បានស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការសហការសិក្សាលទ្ធភាពដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ។

ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួប ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិភាក្សាការងារជាមួយ លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាព។

នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sardar Umar Alam ដែលបានខិតខំក្នុងការលើកស្ទួយការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ជាពិសេស ការសម្រេចបាននូវជោគជ័យក្នុងការដាក់បញ្ចូលតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះ។

លោក Sardar Umar Alam បានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ និងបានសំដែងនូវការកោតសរសើរចំពោះកេរដំណែល ស្នាដៃរបស់ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិវប្បធម៌កម្ពុជានាពេល កន្លងមក ហើយដែលបានក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការងារអភិរក្សសម្បត្តិវប្បធម៌របស់កម្ពុជា រហូតមក ដល់បច្ចុប្បន្ន។

លោក Sardar Umar Alam ក៏បានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាង ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក្នុងការរួមដៃគ្នាអភិរក្ស និងអភិវឌ្ឍប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍វប្បធម៌កម្ពុជាប្រកបដោយ ចីរភាព។

លោក Sardar Umar Alam ក៏បានលើកឡើងនូវគម្រោងជាច្រើនដែលទាក់ទងនឹងវិស័យ ទេសចរណ៍ ពិសេសស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការសហការសិក្សាលទ្ធភាពដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ។

ឯកឧត្តមរដ្ឋមន្ត្រី និង លោក Sardar Umar Alam បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមនានាក្នុងការ ជំរុញការអភិរក្ស និងអភិវឌ្ឍទេសចរណ៍កម្ពុជា ដែលជាចលករក្នុងការលើកស្ទួយជីវភាពប្រជាជនមូលដ្ឋាន នូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ បន្ថែមទៀត តាមរយៈការអនុវត្តរួមនូវគម្រោងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌៕

ប្រភព៖ ក្រសួង​ព័ត៌មាន