អ្នកវិនិយោគជប៉ុនមកពីក្រុមហ៊ុនចំនួន ៣ បានស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយបង្ហាញពីគម្រោងវិនិយោគធំៗចំនួន ២ គ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានទទួលជួបជាមួយឯកឧត្តម IWAKI Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលមកពីក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ដើម្បីសំដែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។
នៅក្នុងជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីបានលើកឡើងពីគម្រោង២ ដែលក្រុមការងាររបស់ឯកឧត្តមគ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ គឺ ការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុង Iwaki ខេត្ត Fukushima ជាមួយនឹងក្រុង ឬខេត្តណាមួយនៅប្រទេសកម្ពុជា និងការបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅប្រទេសកម្ពុជា ។
ក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានសំដែងការ ស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងទាំង០២ និងបានវាយតម្លៃថាគម្រោងទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ហើយស្ថានឯកអគ្គរាជទូតនឹងជួយសម្របសម្រួលទាក់ទងទៅស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស ៕


អត្ថបទ៖ លីនី


