កម្ពុជា បើកផ្លូវសម្រាប់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់វិនិយោគលើដំណាំ ម្នាស់ ស្វាយ និងអំពៅ នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះភាគីម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងប្រភេទអង្ករក្រអូប។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការបើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ នៅកម្ពុជា។
ចំពោះការវិនិយោគនេះទៀតសោត ឯកឧត្តមរដ្ឋមន្ដ្រីលើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ី បាញ់ឆ្ពោះទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ ចំណែកកសិផលសម្រាប់នាំចេញ អ្នកវិនិយោគអាចពិចារណាធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករខ្មែរ ដើម្បីឱ្យកសិករខ្មែរដាំដុះដំណាំស្របទៅតាមតម្រូវការទីផ្សាររបស់ប្រទេសម៉ាឡេស៊ី៕




អត្ថបទ៖ លីនី


