សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីពេលដែលសម្ដេចទៅញូយ៉ក ទោះមិនបានជួបជាមួយមហាសេដ្ឋី Elon Musk ក្រុមហ៊ុនធំមួយ ប៉ុន្តែសម្ដេចបានជួបជាមួយក្រុមហ៊ុនយក្សរបស់អាមេរិកជាង ៥៨ក្រុមហ៊ុន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះនៅក្នុងអញ្ជើញជួបសំណេះសំណាលជាមួយនឹង បងប្អូនកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ។
សម្ដេចធិបតីបានមានប្រសាសន៍ថា៖ « រឿងជួបវិស័យឯកជនខ្ញុំចេញទៅក្រៅប្រទេស ខ្ញុំជួបទាំងអស់ខ្ញុំមិនចោលទេដើរទាក់ម៉ូយ ខ្ញុំធ្វើការការងារការទូតនយោបាយ តែខ្ញុំមិនភ្លេចដើរទាក់ម៉ូយរឿងសេដ្ឋកិច្ចទេ ទៅចិន ទៅឥណ្ឌូនេស៊ី ទៅអាស៊ាន ខ្ញុំជួបទាំងអស់ ទៅអាមេរិកក៏ដូចគ្នាដែរ។ ចុះយន្តហោះយប់ថ្ងៃទី២១ ហើយថ្ងៃទី២២ ពេលព្រឹកខ្ញុំជួបជាមួយបណ្ដាក្រុមហ៊ុនអាមេរិកចំនួន ៥៨ក្រុមហ៊ុន នៅគ្រប់វិស័យ។ លោក Elon Musk ដែលនាយករដ្ឋមន្រ្តីថៃទៅជួប គាត់ជាអ្នកមានត្រូវហើយ ខ្ញុំមិនបានជួបគាត់ត្រូវហើយ ប៉ុន្តែខ្ញុំជួប ៥៨ក្រុមហ៊ុនអាមេរិក នៅក្នុងនោះមាន៖ មានក្រុមហ៊ុនយក្សផលិតយន្តហោះ Boing ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Abbott ក្រុមហ៊ុន ក្រុមហ៊ុន Visa Master Card ក្រុមហ៊ុនប្រេងកាត Chevron……។
សម្ដេចបានបន្ថែមថា៖ «ខ្ញុំមិនបានជួប Elon Musk ក្រុមហ៊ុនយក្សមួយ តែខ្ញុំក៏ជួបក្រុមហ៊ុនច្រើនដែរ ហើយមិនមែនក្រុមហ៊ុនតែប៉ុណ្ណឹងទេ ខ្ញុំមិនត្រឹមតែជួបតាម Zoom ឬ ជួបអង្គុយកៅអីទេ ខ្ញុំក៏ចូលរួមកម្មវិធីផ្គូរផ្គងនៅក្នុងនោះមានវត្តមានក្រុមហ៊ុនខ្មែរយើងជិត ៣០ក្រុមហ៊ុន ទៅឱ្យជួបគ្នា ដើម្បីទាក់ម៉ូយភ្ជាប់គ្នា ហើយប្រហែលប៉ុន្មានខែខាងមុខនេះ ក្រុមហ៊ុនអាមេរិកជាច្រើននឹងមកស្រុកខ្មែរមកដើម្បីពិនិត្យលទ្ធភាពវិនិយោគ»៕

អត្ថបទ៖ លីនី


