ក្រសួងសាធារណការ និងក្រុមហ៊ុនសាជីវកម្មសំណង់ខ្នាតធំរបស់ចិន ពិភាក្សាគ្នាលើការស្ដារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា
សេដ្ឋកិច្ច October 2, 2023 Khmernote

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បា​នជួបជាមួយនឹងក្រុមហ៊ុនសាជីវកម្មសំណង់ខ្នាតធំរបស់ចិនមួយ ដើម្បីពិភាក្សាគ្នាលើការស្ដារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ បានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. ដឹកនាំដោយលោក Huang Ye នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។

ក្រសួងបានឱ្យដឹងទៀតថា ជំនួបពិភាក្សានេះ ធ្វើនៅទីស្តីការក្រសួង ដោយមានការចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដោយជជែកសំខាន់ទៅលើការស្តារ និងអភិវឌ្ឍផ្លូវដែក ដែលមានស្រាប់ តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែកជាមួយប្រទេសជិតខាង ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្លូវដែកក្នុងក្រុង និងការពង្រឹងបច្ចេកទេសត្រួតពិនិត្យការសាងសង់ ដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការ និងស្របតាម យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. គឺជាក្រុមហ៊ុនសាជីវកម្មសំណង់ខ្នាតធំ របស់ចិន ដែលរួមបញ្ចូលការធ្វើផែនការ ការរចនា ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាសំណង់វិស្វកម្ម ការដឹកជញ្ជូនផ្លូវដែក ការអភិវឌ្ឍ អចលនទ្រព្យ និងការធ្វើប្រតិបត្តិការផ្លូវដែក៕

អត្ថបទ៖ លីនី