ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា អង្គការបម្រើសកម្មភាពកម្ចាត់មីនជប៉ុន ហៅកាត់ថា JMAS បានជួយកែប្រែដីពីចម្ការមីនឱ្យក្លាយជាទៅជាដីមាស បង្កើនប្រាក់ចំណូលដល់កសិករក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង។
ឯកឧត្តម បានលើកឡើងតាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ថា ការពង្រាបដីឲ្យស្មើល្អដោយបច្ចេកវិទ្យាទំនើប នាំឲ្យកសិករទទួលបានផលកើន ចំនួន ២តោន ក្នុង ១ហិកតា ហើយកាត់បន្ថយការចំណាយលើការបូមទឹក និងការគ្រប់គ្រងស្មៅ។ ដីរាបស្មើក៏នាំគ្រាប់ស្រូវពេញស្មើល្អដែលនាំមកផលអង្ករកែច្នៃបានខ្ពស់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម បានណែនាំឲ្យអង្គការ JMAS ធ្វើការសិក្សាពីតំរូវការ និងការចូលរួមរបស់ប្រជាកសិករនៅឃុំចែងមានជ័យ កន្ទឺ១ និងកន្ទឺ២ ដើម្បីធ្វើការពង្រីកការពង្រាបដីជូនកសិករឲ្យបានកាន់តែច្រើនថែមទៀត។ លើសពីនេះការផ្គុំជាមួយការប្រើពូជសុទ្ធ ការគ្រប់គ្រងទឹក និងជីជាតិដី និងការផ្សារភ្ជាប់ជាមួយទីផ្សារដើម្បីកសិករទទួលបានតម្លៃសមរម្យ នឹងជួយបង្កើនប្រាក់ចំណូលកសិករកាន់តែច្រើនថែមទៀត ដែលអាចចាត់ទុកថាការអភិវឌ្ឍ ” ដីមីនឲ្យក្លាយទៅជាដីមាស”៕


អត្ថបទ៖ លីនី


