ក្រោយមានការភាន់ច្រឡំពេញបណ្ដាញសង្គម ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីបំភ្លឺ ចំពោះការភាន់ច្រឡំមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ។
នៅក្នុងសេចក្ដីបំភ្លឺ អគ្គនាយកដ្ឋានពន្ធដារ បានច្រានចោលការលើកឡើងថា មានការដំឡើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរនិងភ្ញៀវទេសចរណ៍ មានការលើកឡើងថាមានការប្រមូលពន្ធ ឬ ដំឡើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ករណីនេះ គឺជាការលើកឡើងពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ហើយច្បាប់ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះឡើយ។ ការលើកឡើងនេះអាចជាការលើកឡើងសំដៅដល់ការស្នើដំឡើង កម្រៃសេវាកម្មអ្នកដំណើររបស់ក្រុមហ៊ុនឯកជនដែលអភិវឌ្ឍនិងគ្រប់គ្រងអាកាសយានដ្ឋាន៕

អត្ថបទ៖ លីនី


