សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សេដ្ឋកិច្ច September 26, 2023 Khmernote

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​ ម្សិលមិញនេះ។

ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកល ទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ សម្ដេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Pfizer ស្ដីពី កិច្ចព្រមព្រៀងដើម្បីសកលលោកមានសុខភាពល្អ (The Accord for a Healthier World) ដែលមានគោលបំណងផ្តល់ឱ្យបានពេញលេញនូវឱសថ និងវ៉ាក់សាំង ដែលក្រុមហ៊ុនទទួលបានសិទ្ធិជាសកលដោយផ្អែកលើគោលការណ៍មូលដ្ឋានមិនស្វែងរកប្រាក់ចំណេញ ទៅឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប នៅលើសកលលោក។

ជាមួយគ្នានេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ផងដែរ លើការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងវិស័យឯកជន ដើម្បីឱ្យប្រជាជនទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងបន្តជំរុញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលរបស់កម្ពុជា។

ជាកិច្ចឆ្លើយតប លោក ណិក ឡាហ្គូណូវិក បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវត្ថុបំណងរបស់ក្រុមហ៊ុន Pfizer ដែលចង់ស្វែងរកកាលានុវត្តភាពបន្ថែមនៅកម្ពុជា តាមរយៈការជួយគាំទ្រ និងជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន Pfizer បានពិនិត្យ និងតាមដានយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយយកចិត្តទុកដាក់ និងបានស្វែងយល់ថា ក្រុមហ៊ុន Pfizer អាចបំពេញបាននូវការងារមួយចំនួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នៅក្នុងការរួមចំណែកកែលម្អប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន